ក្រសួងការពារជាតិកម្ពុជា ស្នើឱ្យក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្នអាស៊ាន (IOT) ចូលរួមពិនិត្យ និងធ្វើកោសល្យវិច័យលើភស្តុតាងនានា ដែលបន្សល់ទុកក្រោយពេលការបាញ់ប្រហាររបស់ភាគីថៃមកលើកងកម្លាំងកម្ពុជា ឱ្យបានហ្មត់ចត់បំផុត
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ក្រសួងការពារជាតិកម្ពុជា ស្នើឱ្យក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្នអាស៊ាន (IOT) ចូលរួមពិនិត្យ និងធ្វើកោសល្យវិច័យលើភស្តុតាងនានា ដែលបន្សល់ទុកក្រោយពេលការបាញ់ប្រហាររបស់ភាគីថៃមកលើកងកម្លាំងកម្ពុជា ឱ្យបានហ្មត់ចត់បំផុត

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានស្នើឱ្យក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្នអាស៊ាន (IOT) ចូលរួមពិនិត្យ និងធ្វើកោសល្យវិច័យលើភស្តុតាងនានា ដែលបានបន្សល់ទុកក្រោយពេលការបាញ់ប្រហាររបស់ភាគីថៃ មកលើកងកម្លាំងកម្ពុជាឱ្យបានហ្មត់ចត់បំផុត។


តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា យោងតាមស្ថានការណ៍តានតឹង នៅតាមបណ្តោយព្រំដែន ដែលបង្កឡើងដោយភាគីថៃកាលពីពេលថ្មីៗនេះ កម្ពុជាសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបង្កហេតុ និងការបន្តផ្ទុះអាវុធនៅខាងភាគីថៃខ្លួនឯង ហើយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅវេលាម៉ោង ១១:៥២នាទី ថៃបានបើកការបាញ់ប្រហារមុនមកលើកងកម្លាំងកម្ពុជា ប៉ុន្តែភាគីថៃបែរជាមកចោទកម្ពុជាថាបានផ្ទុះអាវុធទៅវិញ។ សកម្មភាពទាំងអស់នេះអាចប៉ះពាល់ទៅដល់ការគោរព និងការអនុវត្តបទឈប់បាញ់ ព្រមទាំងធ្វើឱ្យស្ថានភាពរឹតតែតានតឹង និងស្មុគស្មាញ។


ក្រសួងការពារជាតិបញ្ជាក់ទៀតថា «កម្ពុជាស្នើឱ្យក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្នអាស៊ាន (IOT) ចូលរួមពិនិត្យ និងធ្វើកោសល្យវិច័យទៅលើភស្តុតាងនានា ដែលបានបន្សល់ទុកក្រោយពេលការបាញ់ប្រហាររបស់ភាគីថៃ មកលើកងកម្លាំងកម្ពុជាឱ្យបានហ្មត់ចត់បំផុត ជាពិសេសប្រភេទគ្រាប់ដែលបានបាញ់ និងទិសដៅក្បាលគ្រាប់ដែលបានបាញ់ចេញ សំដៅផ្តល់នូវព័ត៌មានពិត សុចរិតភាព គណនេយ្យភាព តម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវដល់ភាគីទាំងពីរ។ ជាមួយគ្នានេះ កម្ពុជាក៏ស្នើឱ្យភាគីថៃបង្ហាញឆន្ទៈដូចគ្នានេះផងដែរ»។


ក្រសួងការពារជាតិបន្ថែមទៀតថា យោងតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពជាគោលការណ៍ ទៅលើលក្ខខណ្ឌប្រតិបត្តិ (TOR) រួចហើយ កម្ពុជាអំពាវនាវឱ្យមានការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់រហ័សបំផុត ដើម្បីធានាថាភាគីទាំងពីរពិតជាគោរព និងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់យ៉ាងពិតប្រាកដ និងដោយស្មោះត្រង់ មិនមែនត្រឹមតែនិយាយប៉ុណ្ណោះទេ។


កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស៕


Previous Post Next Post