(ភ្នំពេញ)៖ កម្លាំងអាជ្ញាធរមានសមត្ថកិច្ច បានឃាត់ខ្លួនជនបរទេស ដែលមានរហូតដល់៧សញ្ជាតិ ចំនួន៨០នាក់ ដោយក្នុងនោះមានស្ត្រី១៥នាក់ នៃអគារដ៏ធំមួយកន្លែង ក្រោយពីកម្លាំងអាជ្ញាធរមានសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ និងសង្ស័យ ថាមានការលួចលាក់ប្រព្រឹត្តអំពើឆបោកតាមអនឡាញ ដែលល្មើសច្បាប់។
ប្រតិបត្តិការនេះ បានអនុវត្តឡើង ស្ថិតនៅចំណុចអគារ MORGAN ដ៏ធំមួយកន្លែង នៃជាន់ទី៣៤ ផ្លូវកោះពេជ្រ សង្កាត់ទន្លបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាវេលាម៉ោង១៦:០០នាទីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ «ដោយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន សហការជាមួយមន្ត្រីជំនាញនៃការិយាល័យប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា»។
នៅក្នុងកិច្ចសហប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមាន៖ ម៉ូនីទ័រ ២០៤គ្រឿង, ធុង CPU ១២៨គ្រឿង, និងកុំព្យូទ័រយួរដៃ ០៣គ្រឿង ហើយក្នុងចំណោមមនុស្សទាំង៨០នាក់ ដែលបានឃាត់ខ្លួន មានជនជាតិចិន៥៧នាក់ (ស្រ្តី៤ ចិនតៃវ៉ាន់១នាក់), នេប៉ាល់២នាក់, ម៉ាឡេស៊ី៥នាក់ (ស្រ្តី ២), វៀតណាម២នាក់ (ស្រ្តី១នាក់ ), មីយ៉ាន់ម៉ា៩នាក់ (ស្រ្តី៣) និងស្រ្តីជនជាតិខ្មែរ៥នាក់ និងកំពុងបន្តត្រួតពិនិត្យរកអ្នកជាប់ពាក់ព័ន្ធ ក្នុងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗទៀត។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តយ៉ាងសកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ៕










