(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺភ្នែក ផ្តល់ថ្នាំ និងវ៉ែនតាដោយឥតគិតថ្លៃ ជូនដល់កុមារអាយុចាប់ពី៦ឆ្នាំឡើង កម្មករ កម្មការិនី និងប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌ ក្រោមកម្មវិធីអប់រំផ្សព្វផ្សាយស្តីពីយេនឌ័រ និងសុខភាពភ្នែក របស់ក្រសួងកិច្ចការនារី សហការជាមួយមូលនិធិហ្វ្រេដហូឡូកម្ពុជា។
ក្នុងសេចក្ដីជូនដំណឹង រដ្ឋបាលខណ្ឌកំបូល មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ក្នុងមូលដ្ឋាន ឱ្យបានជ្រាបថា រដ្ឋបាលខណ្ឌ បានសហការជាមួយ ក្រសួងកិច្ចការនារី និងមូលនិធិហ្វេដហូឡូកម្ពុជា នឹងរៀបចំកម្មវិធីពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺភ្នែក ផ្តល់ថ្នាំ និងវ៉ែនតា ដោយឥតគិតថ្លៃ ជូនដល់កុមារអាយុចាប់ពី៦ឆ្នាំឡើង កម្មករ កម្មការិនី និងប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌ ក្រោមកម្មវិធីអប់រំផ្សព្វផ្សាយស្តីពីយេនឌ័រ និងសុខភាពភ្នែក ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង០៧:០០នាទីព្រឹក រហូតដល់ម៉ោង១៧:០០នាទីល្ងាច ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាទ្រនំជ្រឹង ផ្លូវជាតិលេខ៤២ ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល។
អាស្រ័យហេតុនេះ សូមបងប្អូនកម្មករ កម្មការិនី ប្រជាពលរដ្ឋ និងអាណាព្យាបាលកុមារអាយុចាប់ពី៦ឆ្នាំឡើង ដែលមានបញ្ហាសុខភាពភ្នែក សូមមេត្តារួសរាន់អញ្ជើញមកទទួលការពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ នៅទីកន្លែង និងកាលបរិច្ឆេទដែលបានកំណត់ខាងលើ៕


