(ភ្នំពេញ)៖ បង្ក្រាបតាមរយៈការធ្វើកំណត់ហេតុ និងកិច្ចសន្យាអប់រំបញ្ឈប់សកម្មភាពទាំងស្រុងចំពោះល្បែងឡូតូអនឡាញល្មើសច្បាប់ ៨៨៨៨ ដែលបានបង្កប់នៅក្នុងហាងកាហ្វេមួយកន្លែងក្បែរដេប៉ូលក់ដែក (ផ្ទះលេខ២៣២២ ម្ចាស់ឈ្មោះ យស ធារីរិទ្ធ ភេទស្រី អាយុ៤២ឆ្នាំ) ស្ថិតនៅតាមបណ្ដោយកំណាត់ផ្លូវលេខ៤៥ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ដោយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ ក្រោមការណែនាំពី លោកស្រី រាជ ផាវឿន ចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ និងសេនាធិការ លោកអនុសេនីយ៍ទោ ហេង ឡៃហ័ន នាយប៉ុស្ដិ៍ ក្រោយពីទទួលបានសំណូមពរពីប្រជាពលរដ្ឋ តាមរយៈបណ្ដាញសារព័ត៌មាន និងបទបញ្ជាដឹកនាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងសេនាធិការ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ។
គួរជម្រាបផងដែរថា ការធ្វើកំណត់ហេតុ និងកិច្ចសន្យាបញ្ឈប់សកម្មភាពទាំងស្រុងចំពោះទីតាំងល្បែងឡូតូអនឡាញល្មើសច្បាប់នេះ លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ បានបញ្ជាឲ្យអនុវត្តឡើងតាមសំណូមពរប្រជាពលរដ្ឋ ស្របតាមសេចក្ដីណែនាំ និងសារាចរណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងផ្ទាល់ និងតាមអនឡាញ ពីសំណាក់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ, អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេស ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា និងក្រោយពីលោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ និងដាក់ចេញផែនការជាបន្តបន្ទាប់ឲ្យអាជ្ញាធរ និងសមត្ថកិច្ចទាំង១៤ខណ្ឌ យកចិត្តទុកដាក់បង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដូចជា ជល់មាន់អនឡាញ ឡូតូ យូគី បៀរ អាប៉ោង ដើម្បីធានាដល់ការរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងឡូតូអនឡាញខាងលើ តាមរយៈបណ្ដាញសារព័ត៌មាន បានសំណូមពរយ៉ាងទទូចដល់ លោកប្រធានគណៈបញ្ចាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ និងលោកវរសេនីយ៍ឯក អធិការនគរបាលខណ្ឌ លោកស្រីប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទួលសង្កែទី១ និងលោកអនុសេនីយ៍ទោនាយប៉ុស្ដិ៍ សូមជួយចុះពិនិត្យ និងចាត់វិធានការដើម្បីបង្រ្កាប និងឈានទៅបិទចោលទាំងស្រុង ហើយកុំឲ្យមានបើក ឫលួចបើកជាថ្មីឡើងវិញជាដាច់ខាត ព្រោះបទល្មើសល្បែងស៊ីសងនេះឯង ជាដើមចម បង្កឲ្យកើតមានអំពើចោរកម្មផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម ក្នុងការធានាដល់ការរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន ហើយសំខាន់ជាការចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព៕











