(ភ្នំពេញ)៖ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ មានរៀបចំកិច្ចប្រជុំត្រៀមផ្សព្វផ្សាយឯកសាជំនួយស្មារតី ស្តីពីតួនាទីភារកិច្ច សិទ្ធិ រចនាសម្ព័ន្ធ និងរបៀបធ្វើការរបស់សាខាគណបក្ស រោងចក្រ សហគ្រាស គ្រឹះស្ថាន ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ម៉ាលី អនុប្រធានប្រចាំការក្រុមការងារកសាងគណបក្សអង្គការ សហជីព និងចលនាកម្មករ និយោជិតតាមរោងចក្រ សហគ្រាស គ្រឹះស្ថានរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋាន សហជីពរាជធានីភ្នំពេញ។
ជាកិច្ចស្វាគមន៍ លោក ជិន ប៊ុនធឿន ប្រធានគណៈកម្មាធិការគណបក្សខណ្ឌឫស្សីកែវ បានអានរបាយការណ៍ចំនួនសាខាបក្សរោងចក្រ សហគ្រាស គ្រឹះស្ថានខណ្ឌ ដែលត្រូវបានបង្កើតឡើង និងកែសម្រួលថ្មី។ លោកប្រធានគណបក្សខណ្ឌ បានគូសបញ្ជាក់ថា សាខាគណបក្សនៅរោងចក្រ សហគ្រាស ដែលបានបង្កើតឡើងនេះ គឺចំណុះអោយគណៈកម្មាធិការគណបក្សសង្កាត់ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងមានភារកិច្ចគោរព និងអនុម័ត តាមលក្ខខ័ណ្ឌ របស់គណបក្ស ព្រមទាំងពង្រឹង ពង្រីក នូវរចលនាសម្ព័ន្ធរបស់គណបក្ស ពិសេសការពង្រីកសមាជិកបក្សនៅតាមរោងចក្រ សហគ្រាស មានទាំងបរិមាណនិងគុណភាព។
ក្រុមការងារដឹកនាំកសាងគណបក្ស កសាងអង្គការសហជីព និងចលនាកម្មករនិយោជិក សហគ្រាស គ្រឹះស្ថានខណ្ឌឫស្សីកែវ បាននឹងកំពុងអនុវត្តតួនាទី ភារកិច្ចយ៉ាងសកម្មក្នុងការរៀបចំចងក្រង បង្កើតសាខាគណបក្ស នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាននានា ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធតាមរយៈការចុះសួរសុខទុក្ខសំណោះសំណាល និងការទប់ស្កាត់ សម្របសម្រួលវិវាទ ការងាររឿងកម្មករ និងថៅកែរោងចក្រ សំដៅមិនអោយកើតមានឡើងនូវបាតុកម្ម កូដកម្ម រហូតឈានដល់ប្រើប្រាស់នូវអំបើហិង្សា។
ក្នុងកិច្ចប្រជុំបូកសរុបការងារ ឯកឧត្តម ម៉ម ម៉ាលី បានស្នើសាខាគណបក្សរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបង្កើតរួចហើយ ត្រូវខិតខំធ្វើការប្រកបដោយភាពច្បាស់លាស់ ឯកភាពគ្នា និងសាមគ្គីភាព ជាពិសេស ទប់ស្កាត់អោយបានដាច់ខាតការជ្រៀតចូល ដើម្បីបំផ្លាញគណបក្ស និងវាយបកទាន់ពេលរាល់ល្បិចកល ការឃោសនាញុះញង់ ដើម្បីបង្កើតជាចលនាខុសច្បាប់ផ្សេងៗ នៅក្នុងរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលនាំមកនូវការរអាក់រអួលផលិតកម្ម ឬបាត់បង់អាជីពរបស់កម្មករ និយោជិតរបស់យើង៕


































