អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ

(ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា «កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ»។


លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនព័ត៌មានដល់សាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ មានផេកផ្លូវការរបស់កងទ័ពជើងគោកថៃ និងសារព័ត៌មានរបស់ថៃមួយចំនួន បានចុះផ្សាយថា “កម្ពុជាបង្កហេតុពេញមួយយប់នៅតំបន់យោធភូមិភាគទី២” ដោយឮសម្លេងកាំភ្លើង, សម្លេងផ្ទុះគ្រាប់បែក, រកឃើញការចូលជិតលួសបន្លាហើយការបាញ់ ដើម្បីពិនិត្យមើលរយៈចម្ងាយ។


ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមស្រាយបំភ្លឺថា៖ កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ។


បើតាមការបញ្ជាក់ពីកងកម្លាំងរបស់កម្ពុជា ដែលឈរជើងនៅជួរមុខ រាយការណ៍មកកាន់ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ មានការផ្ទុះការបាញ់កាំភ្លើងនៅភាគីថៃ១គ្រាប់ ចំនួន៤ដង នាវេលាម៉ោងផ្សេងៗគ្នា គឺ មួយគ្រាប់ នៅរំលងអធ្រាត្រ នៅវេលាម៉ោង ២៖៥៧នាទីព្រឹក, នៅវេលាម៉ោង ៥៖០០នាទីព្រឹក ចំនួនមួយគ្រាប់, នៅវេលាម៉ោង ៦៖០០នាទីព្រឹក ចំនួនមួយគ្រាប់, នៅវេលាម៉ោង ៧៖០០នាទីព្រឹក ចំនួនមួយគ្រាប់។


កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះការគោរព និងអនុវត្តនូវកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងយោធាកម្ពុជា និងយោធាថៃ បានយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត ជាមួយនឹងស្មារតីនៃការប្តេជ្ញាចិត្តក្នុងការសហការគ្នានៅគ្រប់កម្រិត កម្ពុជាតែងតែរក្សានូវកិច្ចសហការល្អជាមួយគ្នា។


ក្នុងនោះផងដែរ ក្រុមទំនាក់ទំនងរវាងកម្ពុជា-ថៃ នៅជួរមុខ គឺបានធ្វើការជាមួយគ្នាជាប់ជាប្រចាំ តាមរយៈការផ្តល់ព័ត៌មាន ឬការបញ្ជាក់គ្នាទៅវិញទៅមក ដើម្បីចៀសវាងការភាន់ច្រឡំ ឬការបង្កភាពតានតឹងណាមួយដែលមិនចាំបាច់៕




Previous Post Next Post