បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនជនជាតិវៀតណាម៨នាក់ នៅខណ្ឌច្បារអំពៅ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនជនជាតិវៀតណាម៨នាក់ នៅខណ្ឌច្បារអំពៅ

(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ បានបន្តចុះពិនិត្យទីតាំងសង្ស័យមានលួចលាក់បង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(online scam) ដែលមានទីតាំងផ្ទះលេខ២៣៤ ផ្លូវសាន់រ៉យ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


ជាលទ្ធផលនៅក្នុងប្រតិបត្តិការចុះពិនិត្យទីតាំងសង្ស័យខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន៨នាក់ ក្នុងនោះមានស្ត្រី ៣នាក់ និងបានដកហូតកុំព្យូទ័រលើតុចំនួន១០គ្រឿង និងទូរសព្ទដៃចំនួន៤គ្រឿង។


សមត្ថកិច្ចបានសន្និដ្ឋានបឋមថា ជនសង្ស័យបានប្រើប្រាស់ទីតាំងក្នុងប្រទេសកម្ពុជា ជាមណ្ឌលហៅទូរសព្ទ (call center) សម្រាប់ធ្វើសកម្មភាពឆបោកសំដៅចំពោះជនជាតិវៀតណាម ក្រោមរូបភាពលួងលោម, ត្រូវរង្វាន់អ្វីមួយ ដោយតម្រូវឱ្យបង្ហាញលេខគណនី visa card ដើម្បីធ្វើសកម្មភាពលួចចូលគណនី ហើយលួចផ្ទេរលុយចេញពីគណនីជនរងគ្រោះតែម្តង។


ជនសង្ស័យ និងវត្ថុតាង បច្ចុប្បន្នត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការនគរបាល ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕









 

Previous Post Next Post