(ភ្នំពេញ)៖ តើអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធបានដឹងហើយ ឫនៅទេ? ថាមានឈ្មួញដ៏ធំសម្បើមកំពុងសហការគ្នារកស៊ីលួចបើកល្បែងស៊ីសងល្មើសច្បាប់ស្ទើគ្រប់ប្រភេទ «ជល់មាន់អនឡាញ-ឡូតូអនឡាញ-បាញ់អាប៉ោង-ល្បែងបៀរ» ដែលមានទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងមួយកន្លែង ក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជាមួយការលួចបើកល្បែងស៊ីសងល្មើសច្បាប់ស្ទើគ្រប់ប្រភេទ ពីសំណាក់ក្រុមឈ្មួញដ៏សម្បើមនេះ, ប្រជាពលរដ្ឋ តាមរយៈបណ្ដាញសារព័ត៌មាន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានសូមសំណូមពរដល់ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល និងលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌ មេត្តាជួយចាត់វិធានការបង្ក្រាប និងឈានដល់ការបិទចោលផង ដើម្បីចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក៏ដូចជា ការអនុវត្តឱ្យមានប្រសិទ្ធភាពយោងតាមកិច្ចប្រជុំ និងតាមលិខិតបទដ្ឋានគតិយុទ្ធនានា របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ, អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ជាពិសេស ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លើសពីនេះ ប្រជាពលរដ្ឋ ដោយស្នើសុំមិនបញ្ចេញឈ្មោះ និងតាមរយៈសំណូមពរខាងលើនេះដែរ បានមានសង្ឃឹម និងជឿជាក់ថា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ជាពិសេស លោកអភិបាលខណ្ឌ និងលោកអធិការខណ្ឌកំបូល ប្រាកដជាមានវិធានការជាក់ជាពុំខានឡើយ ចំពោះទីតាំងបនល្បែងស្ទើគ្រប់ប្រភេទ ដែលល្មើសច្បាប់មួយកន្លែងនេះ បន្ទាប់ពីមានការជួយជ្រោមជ្រែងផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗទៀត។
យ៉ាងណាក៏ដោយ អង្គភាពសារព័ត៌មានយើង នៅពុំទាន់ទំនាក់ទំនងសុំការបញ្ជាក់ណាមួយនៅឡើយទេ ពីលោកអភិបាលខណ្ឌកំបូល និងលោកអធិការខណ្ឌកំបូល ពាក់ព័ន្ធសំណូមពរ ក្នុងការស្នើដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ក្នុងមូលដ្ឋាន ឱ្យជួយចាត់វិធានការបង្ក្រាប និងឈានដល់ការបិទចោលទាំងស្រុង ចំពោះទីតាំងបនល្បែងល្មើសច្បាប់មួយកន្លែងនេះ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ៕



