(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយសូមជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អំពីការជូនដំណឹងរបស់នគរបាលភូមិន្ទថៃ ស្នើសុំលើកពេលកិច្ចប្រជុំលើកទី២ ដែលគ្រោងធ្វើនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅស្រុកកំរៀង ខេត្តបាត់ដំបង ដោយពុំទាន់បានកំណត់កាលបរិច្ឆេទថ្មីនៅឡើយ។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ ធ្វើឡើងស្របតាមស្មារតីនៃកិច្ចប្រជុំពិសេស GBC នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលភាគីទាំងពីរត្រូវជួបប្រជុំ ដើម្បីពិភាក្សារៀបចំ បង្កើតក្រុមការងាររួម ធ្វើផែនការ សកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស។
នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងពីរបានជួបប្រជុំគ្នាលើកទី១ តាមការគ្រោងទុក ដែលធ្វើឡើងនៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ដោយបានឯកភាពគ្នាកំណត់យក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ រៀបចំកិច្ចប្រជុំលើកទី២ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការ សកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា និងការជួញដូរមនុស្ស ដែលរៀបចំសេចក្តីព្រាងដោយភាគីកម្ពុជា ប្រព្រឹត្តទៅនៅស្រុកកំរៀង ខេត្តបាត់ដំបង ប៉ុន្តែត្រូវបានភាគីថៃជូនដំណឹងស្នើសុំលើកពេល។
ដើម្បីអនុវត្តឱ្យបានពេញលេញស្របតាមស្មារតីនៃកិច្ចប្រជុំ GBC កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តទំនាក់ទំនងជាប់ជាប្រចាំជាមួយភាគីថៃ ទាំងតាមយន្តការបុគ្គល ទំនាក់ទំនង និងយន្តការផ្លូវការ រហូតឈានដល់ការកំណត់យកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ដើម្បីរៀបចំ កិច្ចប្រជុំលើកទី២នេះ ប៉ុន្តែនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលការជូនដំណឹងពីនគរបាលភូមិន្ទថៃ ស្តីពីការស្នើសុំលើកពេលកិច្ចប្រជុំនេះម្តងទៀត ដោយពុំទាន់បានកំណត់ កាលបរិច្ឆេទថ្មីនៅឡើយ៕



