(ភ្នំពេញ)៖ តើអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន បានដឹងហើយ ឫនៅទេ? ថាមានការលួចសង្ងំប្រព្រឹត្តល្បែងស៊ីសងល្មើសច្បាប់ «ឡូតូអនឡាញ» មួយកន្លែង កំពុងបើកដំណើរការទទួលភ្ញៀវចូលចាក់ភ្នាល់លេងយ៉ាងគគ្លើន និងយ៉ាងសប្បាយរីករាយ ដើម្បីប្រលូមលុយ ពីអ្នកញៀនល្បែង ដោយគ្មានខ្លាចញញើតនោះឡើយ ដែលមានទីតាំងស្ថិតនៅក្នុង (ហាងឡាក់គីដាវីត) ត្រង់ចំណុចផ្ទះលេខ៤០៩ ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជាមួយការលួចបើកល្បែងស៊ីសងល្មើសច្បាប់នេះ ប្រជាពលរដ្ឋ តាមរយៈបណ្ដាញសារព័ត៌មាន នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានសំណូមពរដល់ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋាន ជាពិសេស លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងលោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌ មេត្តាជួយចាត់វិធានការបង្ក្រាប និងឈានដល់ការបិទចោលផង ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក៏ដូចជា ការអនុវត្តឱ្យមានប្រសិទ្ធភាពយោងតាមកិច្ចប្រជុំ និងតាមលិខិតបទដ្ឋានគតិយុទ្ធនានា របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ, អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ជាពិសេស ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លើសពីនេះ ប្រជាពលរដ្ឋ ដោយស្នើសុំមិនបញ្ចេញឈ្មោះ និងតាមរយៈសំណូមពរខាងលើនេះដែរ បានមានសង្ឃឹម និងជឿជាក់ថា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ជាពិសេស លោកអភិបាលខណ្ឌ និងលោកអធិការខណ្ឌ ប្រាកដជា មានវិធានការជាក់ជាពុំខានឡើយ ចំពោះទីតាំងបនល្បែង (ឡូតូអនឡាញ) ដែលល្មើសច្បាប់មួយកន្លែងនេះ បន្ទាប់ពីមានការជួយជ្រោមជ្រែងផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗទៀត។
យ៉ាងណាក៏ដោយ អង្គភាពសារព័ត៌មានយើង នៅពុំទាន់ទំនាក់ទំនងសុំការបញ្ជាក់ណាមួយនៅឡើយទេ ពីលោកអភិបាលខណ្ឌទួលគោក និងលោកអធិការខណ្ឌទួលគោក ដោយសារប្រជាពលរដ្ឋ បានដឹងយ៉ាងច្បាស់ថា កន្លងមកក្រោមការដឹកនាំ របស់លោកអភិបាលខណ្ឌ និងលោកអធិការខណ្ឌ ប្រាកដជាធ្វើការបង្ក្រាប ឫធ្វើកិច្ចសន្យាបិទចោលទាំងស្រុង ជាក់ជាពុំខានឡើយ ចំពោះទីតាំងបនល្បែងល្មើសច្បាប់ទាំងឡាយ បន្ទាប់ពីទទួលបានសំណូមពរ៕





