(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានគូសបញ្ជាក់ថា ត្រូវបោសសម្អាតមិនឱ្យមានដាច់ខាតបទល្មើសឆបោកអនឡាញ (Scam Online) ក្នុងមូលដ្ឋានខណ្ឌ ដើម្បីផ្ដល់សន្តិសុខ សុវត្ថិភាព និងភាពកក់ក្តៅល្អប្រសើរដល់ប្រជាពលរដ្ឋ។
ការគូសបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាព ការជម្រុញផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣.អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងបទបញ្ជាលេខ០១ បប ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា របស់រាជរដ្ឋាភិបាល និងការងារក្រុមលេខាធិការដ្ឋានថ្នាក់ខណ្ឌ នៅសាលាខណ្ឌឫស្សីកែវ នាល្ងាចថ្ងៃច័ន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦។
នាឱកាសនោះ លោកអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌ និងអាជ្ញាធរសង្កាត់ទាំង៧ ត្រូវអនុវត្តឱ្យបានម៉ឺងមាត់ម៉ត់ចត់ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋាន ជាពិសេស ពង្រឹងលើការគ្រប់គ្រងវត្តមានជនបរទេស ដែលស្នាក់នៅបុរី ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ក្នុងភូមិសាស្រ្តខណ្ឌឱ្យបានល្អ ដោយធានាបានថា ជនបរទេស ដែលស្នាក់នៅក្នុងមូលដ្ឋាន គឺសុទ្ធតែជាជន ដែលស្នាក់នៅដោយស្របច្បាប់ មិនមានបទល្មើស ជាពិសេស ត្រូវបោសសម្អាតមិនឲ្យមានដាច់ខាតបទល្មើសឆបោកអនឡាញ (Scam Online) ក្នុងមូលដ្ឋានខណ្ឌ ដើម្បីផ្ដល់សន្តិសុខ សុវត្ថិភាព និងភាពកក់ក្តៅល្អប្រសើរដល់ប្រជាពលរដ្ឋ៕









































