(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌព្រែកព្នៅ បានចាត់ឱ្យកម្លាំងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាប និងបិទចោលទាំងស្រុងចំពោះទីតាំងល្បែងឡូតូអនឡាញល្មើសច្បាប់មួយកន្លែង (លាភមហាសម្បត្តិឡូតូ) និងឃាត់ខ្លួនអ្នកកាន់ម៉ាស៊ីនស៊ីសង ហើយនឹងដកហូតសម្ភារជាវត្ថុតាងមួយចំនួន ក្រោយពីទទួលបានសំណូមពរពីប្រជាពលរដ្ឋ តាមរយៈបណ្ដាញសារព័ត៌មាន ដើម្បីធានាដល់ការរក្សាសន្តិសុខ និងសុវត្ថិភាព ហើយសំខាន់ជាការចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព។
ការបង្ក្រាបនេះបានធ្វើឡើងនៅត្រង់ចំណុចផ្ទះលក់ការហ្វេវៀតណាមមួយកន្លែង (យីហោហាងកាហ្វេកម្ពុជា) ឋិតនៅតាមបណ្ដោយកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្រោយពីលោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ និងដាក់ចេញផែនការជាបន្តបន្ទាប់ឱ្យអាជ្ញាធរ និងសមត្ថកិច្ចទាំង១៤ខណ្ឌ យកចិត្តទុកដាក់បង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដូចជា ឡូតូអនឡាញ យូគី ជល់មាន់ បៀរ អាប៉ោង ដើម្បីធានាដល់ការរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋ។
សូមជម្រាបថា ប្រជាពលរដ្ឋ តាមរយៈបណ្ដាញសារព័ត៌មាន កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានសំណូមពរដល់ លោក ធឹម សំអាន អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ និងលោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌ លោកចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់ព្រែកព្នៅ និងលោកនាយប៉ុស្តិ៍ សូមជួយចុះពិនិត្យ និងចាត់វិធានការដើម្បីបង្ក្រាប និងឈានទៅបិទចោលទាំងស្រុង និងកុំឱ្យមានបើក ឫលួចបើកជាថ្មីឡើងវិញជាដាច់ខាត ចំពោះទីតាំងល្បែងឡូតូអនឡាញល្មើសច្បាប់ (លាភមហាសម្បត្តិឡូតូ) ដែលបានបង្កប់នៅក្នុងផ្ទះលក់ការហ្វេវៀតណាមមួយកន្លែង ក្នុងការធានាដល់ការរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន ហើយសំខាន់ជាការចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។
សម្រាប់សំណូមពរនេះបានធ្វើឡើងក្រោយពីប្រជាពលរដ្ឋ បានជ្រួលជ្រាប និងយល់ដឹងកាន់តែច្បាស់ អំពីចំណាត់ការ ដើម្បីរក្សាសន្តិសុខ និងសុត្ថិភាព ក្នុងមូលដ្ឋាន ដែលមានស្រាប់ ទាំងសេចក្ដីណែនាំ និងសារាចរណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងផ្ទាល់ និងតាមអនឡាញ ពីសំណាក់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ, អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេស ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា៕





