ពលរដ្ឋសំណូមពរ លោកអភិបាលខណ្ឌជ្រោយចង្វារ និងលោកអធិការខណ្ឌ ឲ្យជួយបង្ក្រាប និងបិទចោលទាំងស្រុងចំពោះទីតាំងល្បែងជល់មាន់អនឡាញ និងឡូតូល្មើសច្បាប់ពីរម៉ាស៊ីនមួយកន្លែង នៅសង្កាត់បាក់ខែង
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

ពលរដ្ឋសំណូមពរ លោកអភិបាលខណ្ឌជ្រោយចង្វារ និងលោកអធិការខណ្ឌ ឲ្យជួយបង្ក្រាប និងបិទចោលទាំងស្រុងចំពោះទីតាំងល្បែងជល់មាន់អនឡាញ និងឡូតូល្មើសច្បាប់ពីរម៉ាស៊ីនមួយកន្លែង នៅសង្កាត់បាក់ខែង

(ភ្នំពេញ)៖ តើអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន បានដឹងហើយ ឫមិនទាន់បានជ្រាបនៅឡើយទេ? ថាមានការប្រព្រឹត្តល្បែងជល់មាន់តាមអនទ្បាញ និងឡូតូ ៨៨៨៨ ល្មើសច្បាប់ ដែលមានដល់ទៅ២ម៉ាស៊ីន បាននឹងកំពុងបន្តសកម្មភាពបើកដំណើរការទទួលភ្ញៀវចូលចាក់ភ្នាល់ ដើម្បីប្រមូលលុយរាប់សឹបលាន ជារៀងរាល់ថ្ងៃ ចាប់តាំងពីម៉ោងជាង០៨ព្រឹក រហូតដល់ម៉ោងជាង០៥ល្ងាចទើបបិទ ជាពិសេស «នៅពេលឃើញអ្នកសារព័ត៌មានទៅដល់ ទើបបុគ្គលិកជាអ្នកស៊ីសងចុចម៉ាស៊ីនបិទ ហើយពេលអ្នកកាសែតចេញផុតក៏បើកឡើងវិញជាធម្មតា» ដោយគ្មានខ្លាចញញើតច្បាប់សូម្បីបន្តិចនោះទេ ដែលមានទីតាំងបង្កប់នៅក្នុងផ្ទះលក់កាហ្វេ និងលក់ស៊ុប ជាប់បណ្ដោយកំណាត់ផ្លូវកុងស៊ីកាប់គោ ក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។


ទោះបីបានជ្រាប ឫមិនទាន់បានដឹងយ៉ាងណាក្ដី ចំពោះការបើកដោយចំហរ ឫលួចបើកល្បែងជល់មាន់ និងឡូតូអនឡាញខុសច្បាប់ ដែលមានដល់ទៅ២ម៉ាស៊ីនមួយកន្លែងខាងលើនេះ ប្រជាពលរដ្ឋ តាមរយៈបណ្ដាញសារព័ត៌មាន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ សូមសំណូមពរយ៉ាងទទូចដល់ លោក លីម សុភា អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ចាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ និងលោកវរសេនីយ៍ឯក លៀក ចាន់រាបសា អធិការនគរបាលខណ្ឌ លោក គង់ ប៊ុនលី ចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់បាក់ខែង និងលោកវរសេនីយ៍ត្រី សន សុផា នាយប៉ុស្ដិ៍ សូមជួយចុះពិនិត្យ និងចាត់វិធានការដើម្បីបង្រ្កាប និងឈានទៅបិទចោលទាំងស្រុង ហើយកុំឲ្យមានបើក ឫលួចបើកជាថ្មីឡើងវិញជាដាច់ខាត ព្រោះបទល្មើសល្បែងស៊ីសងនេះឯង ជាដើមចម បង្កឱ្យកើតមានអំពើចោរកម្មផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម ក្នុងការធានាដល់ការរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន ហើយសំខាន់ជាការចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព។

យ៉ាងណាក៏ដោយ សម្រាប់សំណូមពរខាងលើនេះបានធ្វើឡើងក្រោយពីប្រជាពលរដ្ឋ បានជ្រួលជ្រាប និងយល់ដឹងកាន់តែច្បាស់ទៅហើយ អំពីចំណាត់ការ ដើម្បីរក្សាសន្តិសុខ និងសុត្ថិភាព ដែលមានស្រាប់ ដោយក្នុងនោះមានទាំងសេចក្ដីណែនាំ និងសារាចរណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងផ្ទាល់ និងតាមអនឡាញ ពីសំណាក់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ, អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេស ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា បណ្ដាញសារព័ត៌មានយើង នៅពុំទាន់ទំនាក់ទំនងសុំការបញ្ជាក់ច្បាស់លាស់ណាមួយនៅឡើយទេ ពីអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ ដោយសារប្រជាពលរដ្ឋ បានយល់ឃើញ និងដឹងយ៉ាងច្បាស់ថា កន្លងមកក្រោមការដឹកនាំរបស់ លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ និងលោកអធិការនគរបាលខណ្ឌ ព្រមទាំងលោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់បាក់ខែង និងលោកវរសេនីយ៍ត្រីនាយប៉ុស្ដិ៍ ប្រាកដជាចុះធ្វើការបង្ក្រាប តាមរយៈការធ្វើកំណត់ហេតុ និងកិច្ចសន្យាបិទចោលទាំងស្រុង ជាក់ជាពុំខានឡើយ ចំពោះទីតាំងល្បែងខុសច្បាប់ទាំងឡាយ បន្ទាប់ពីទទួលបានសំណូមពរ និងក្រោយពីលោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ និងដាក់ចេញផែនការជាបន្តបន្ទាប់ឱ្យអាជ្ញាធរ និងសមត្ថកិច្ចទាំង១៤ខណ្ឌ យកចិត្តទុកដាក់បង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដូចជា ជល់មាន់អនឡាញ ឡូតូ យូគី ជល់មាន់ បៀរ អាប៉ោង ដើម្បីធានាដល់ការរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋ៕










Previous Post Next Post