(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្តល់នូវការវិភាគបន្ថែម ដែលអាចកើតឡើងក្រោយការស្លាប់របស់សម្ដេច មានចំណុចសំខាន់ៗចំនួន៤។
តាមរយៈបណ្ដាញសង្គមផ្លូវការ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានសរសេរដោយមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖ ម្សិលមិញខ្ញុំបង្ហោះសារមួយទាក់ទងដល់ការបាញ់ប្រហារ ដើម្បីសម្លាប់ខ្ញុំ ថ្ងៃ២៤ កញ្ញា ១៩៩៨ នៅទីរួមខេត្តសៀមរាប។
ខ្ញុំគិតថាអត្ថបទនេះ មានកំហុសត្រង់ចំណុច (ប្រសិនខ្ញុំស្លាប់ ឬរបួសប្រទេសកម្ពុជាយើងនឹងមិនមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃឡើយ ព្រោះម្ចាស់នៃនយោបាយ ឈ្នះ-ឈ្នះ បានស្លាប់ទៅហើយ)។
ការសរសេរបែបនេះ គឺជាកំហុស ដែលមើលឃើញតែមួយជ្រុង នៃតួនាទីរបស់ខ្ញុំ ដោយមិនបានគិតដល់កត្តាដទៃទៀត។ ពេលនេះ ខ្ញុំសូមផ្តល់នូវការវិភាគបន្ថែម ដែលអាចកើតឡើងក្រោយការស្លាប់របស់ខ្ញុំ។
១.ក្រោយការស្លាប់របស់ខ្ញុំ ការបង្ហូរឈាមមួយកើតឡើងភ្លាម ដែលធ្វើឱ្យមនុស្សយ៉ាងច្រើនស្លាប់នៅទីរួមខេត្តសៀមរាប។
២.គ្រប់គ្រងសភាពការបាន រដ្ឋសភាដំណើរការប្រជុំធម្មតា និងឈានទៅបង្កើតរាជរដ្ឋាភិបាលថ្មី ឬត្រូវជាប់គាំង បង្កើតរាជរដ្ឋាភិបាលមិនបាន។
៣.ប្រទេសបន្តសង្គ្រាមដោយបែងចែកជាតំបន់ត្រួតត្រា២ ម្ខាងរាជរដ្ឋាភិបាល និងម្ខាងទៀតខ្មែរក្រហម។
៤.មានអ្នកដឹកនាំនយោបាយឆ្នើមរកការស្រុះស្រួលផ្ទៃក្នុងផង និងរកវិធីបញ្ចប់សង្គ្រាមបានផង។ តាមរយៈការស្រុះស្រួលនេះ សន្តិភាពកើតមាននាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គមដែលល្អលើស ហ៊ុន សែន ច្រើនដង។
នៅមានកត្តាច្រើនទៀត ដែលខ្ញុំសូមមិនលើកឡើងទុកជូនបងប្អូនវាយតម្លៃខ្លួនឯង៕
