(ភ្នំពេញ)៖ ប្រជាពលរដ្ឋ តាមរយៈបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមផ្សេងៗមួយចំនួនទៀត សូមសំណូមពរយ៉ាងទទូចដល់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ ចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់ និងនាយប៉ុស្ដិ៍ មេត្តាជួយចាត់វិធានការបង្ក្រាបទីតាំងល្បែងឡូតូអនឡាញល្មើសច្បាប់ចំនួន២កន្លែងផ្សេងគ្នា ដែលកំពុងបើកដំណើរការទទួលភ្ញៀវចូលចាក់ភ្នាល់តូច-ធំយ៉ាងគគ្រឹកគគ្រេង និងស្រែកឡូឡាស្ទើរាល់ថ្ងៃ និងរាប់ខែមកហើយ ដោយគ្មានខ្លាចញញើតនោះឡើយ។
សូមបញ្ជាក់ថា សម្រាប់ទីតាំងល្បែងឡូតូអនឡាញ 8888 ល្មើសច្បាប់ទី១ ស្ថិតនៅត្រង់ចំណុច (ផ្ទះមានតាបបុកប៊ីយៀ) ចុះពីផ្លូវម៉ុងរិទ្ធីប្រហែល១០០ម៉ែត្រ តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ទីតាំងល្បែងឡូតូអនឡាញ 8888 ល្មើសច្បាប់ទី២ (នៅខាងក្រោយសាលាភ្នំពេញម៉ុនតែសសូរីអន្តរជាតិ) ចុះពីផ្លូវលេខ១៩៨៦ ប្រហែល៥០ម៉ែត្រនៅត្រង់ចំណុចផ្ទះ ដែលមានយ៉ីហោ (តាកូកា) មានតាបបុកប៊ីយៀ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជាថ្មីម្ដងទៀត តាមរយៈបណ្ដាញសារព័ត៌មាន និងសុំមិនបញ្ចេញឈ្មោះ ក្នុងនាមប្រជាពលរដ្ឋ មានសង្ឃឹម និងជឿជាក់ថា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ពិសេសលោកអភិបាលខណ្ឌ និងលោកអធិការខណ្ឌ ប្រាកដជាមានវិធានការទប់ស្កាត់ ឫបង្ក្រាបបិទចោលទាំងស្រុង ជាក់ជាពុំខានឡើយ ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
យ៉ាងណាក៏ដោយ សម្រាប់សំណូមពរខាងលើនេះ បានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ក្រោយពីប្រជាពលរដ្ឋ បានជ្រួលជ្រាប និងយល់ដឹងកាន់តែច្បាស់ អំពីចំណាត់ការដើម្បីរក្សាសន្តិសុខ និងសុខសវត្ថិភាពសម្រាប់មូលដ្ឋាន ដែលមានស្រាប់ទាំងសេចក្ដីណែនាំ និងសារាចរណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងផ្ទាល់ និងតាមអនឡាញ ពីសំណាក់លោកស្នងការនគរបាលរាជធានីភ្នំពេញ លោកអភិបាលរាជធានីភ្នំពេញ អគ្គស្នងការនគរបាលជាតិ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិសេសសារសំឡេងរម្លឹករបស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា៕











