លោក ឃួង ស្រេង៖ មនុស្សវ័យចាស់ត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ ដោយមិនទុកឱ្យរស់នៅក្នុងភាពឯកកោឡើយ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

លោក ឃួង ស្រេង៖ មនុស្សវ័យចាស់ត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ ដោយមិនទុកឱ្យរស់នៅក្នុងភាពឯកកោឡើយ

(ភ្នំពេញ)៖ មនុស្សវ័យចាស់ត្រូវបាន រាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្លាំងណាស់ គឺមិនទុកឱ្យមនុស្សវ័យចាស់រស់នៅក្នុងភាពឯកកោឡើយ។ បើមានការខ្វះខាត សូមមនុស្សវ័យចាស់ទាំងអស់ទាក់ទងមកសង្កាត់-ខណ្ឌ នោះអាជ្ញាធរនឹងជួយឧបត្ថមភ្លាម ពោលគឺមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់បាយឡើយ។


នេះបើតាមការលើកឡើងរបស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីសំណេះសំណាលមនុស្សវ័យចាស់ ខួបលើកទី២៧ នៃទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់ អន្តរជាតិ១ តុលា ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។


លោក ឃួង ស្រេង បានមានប្រសាសន៍ថា សម្តេចទាំងទ្វេបានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះមនុស្សចាស់ ពោលគឺមិនទុកឱ្យមនុស្សវ័យចាស់រស់នៅក្នុងភាពឯកកោឡើយ ហើយក៏មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយដែរ។


លោក ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ យកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះមនុស្សចាស់ ជាមួយនឹងការគៀងគរសប្បុរសជនរកចំណូលជួយដល់មនុស្សចាស់ មើលការខុសត្រូវមនុស្សចាស់ មានបញ្ហាអ្វីមួយត្រូវជួយពួកគាត់ភ្លាម ពោលគឺមិនត្រូវទុកឱ្យពួកគាត់ទទួលនូវភាពឯកកោឡើយ។


ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង បានសូមឱ្យលោកអ៊ុំ លោកពូ អ្នកមីង វ័យចាស់ និងប្រជាពលរដ្ឋទាំងអស់ សូមជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការពារបូរណភាពទឹកដី ពីចោរសៀមឈ្លានពាន។


លោក ឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា ការបង្កើតឱ្យមានកម្មវិធីជួបសំណេះសំណាលសួរសុខទុក្ខមនុស្សវ័យចាស់ក្នុងរាជធានីភ្នំពេញនេះ បានធ្វើឡើងដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជាចំពោះមនុស្សចាស់ ដែលពួកគាត់កន្លងមកបានយកអស់កម្លាំងកាយចិត្ត ក្នុងការបំរើជាតិមាតុភូមិ និងអបអរសាទរ ខួបលើកទី២៧ នៃទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១ តុលា ឆ្នាំ២០២៥ ក្រោមប្រធានបទ «មនុស្សចាស់ដោយសេចក្តីថ្លៃថ្នូរ»។


លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា អំណោយដែលផ្តល់ជូនលោក អ៊ុំ លោកពូ អ្នកមីង វ័យចាស់ទាំង៥២៥នាក់នាពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយក្នុងម្នាក់ៗ ទទួលបានអង្គរចំនួន២៥គីឡូក្រាម , ភួយមួយ, ក្រមាមួយ, ត្រីខ១យូរ, មី១កេសតូច , ទឹកបរិសុទ្ធ១កេស និងថវិកា ចំនួន៥០.០០០រៀល៕
























 

Previous Post Next Post