(ភ្នំពេញ)៖ លោកស្រី រាជ ផាវឿន ចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទួលសង្កែទី១ បានដឹកនាំមន្ត្រី អញ្ជើញជួបសំណេះសំណាល និងជម្រាបជូនដំណឹងពាក់ព័ន្ធពីសកម្មភាពមួយចំនួន ក្នុងមូលដ្ឋាន ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្រោយពីទទួលបានផែនការដឹកនាំរបស់ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌ ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ។
ក្នុងវេទិកានេះ បានរៀបចំឡើងដោយមានការចូលរួមពីសមាជិកាក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្ដិ៍ នាយរងប៉ុស្ដិ៍នគរបាលសង្កាត់ មេភូមិ មេភូមិរង សមាជិកាភូមិ តំណាងសហភាពសហព័ន្ធយុវជនកម្ពុជាសង្កាត់ និងប្រជាពលរដ្ឋ សរុប៥២នាក់ ស្រី២៤នាក់ ស្ថិតនៅក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥។
ជាកិច្ចចាប់ផ្ដើម លោកស្រីចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទួលសង្កែទី១ បានធ្វើការសំណេះសំណាល និងផ្សព្វផ្សាយនូវសារៈសំខាន់អំពីលក្ខណៈសម្បត្តិរបស់គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុច ជូនដល់បងប្អូនប្រជាពលរដ្ឋ។
ជាកិច្ចបន្ត លោកនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ក៏បានធ្វើការផ្សព្វផ្សាយ ក៏ដូចជាជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានកូនគ្រប់អាយុ ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយគិតត្រឹមឆ្នាំ២០១០ និងអ្នកហួសសុពលភាពអត្តសញ្ញាណប័ណ្ណ មុនរយៈពេល៦ខែ សូមអញ្ជើញមកធ្វើនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១។
ជាចុងក្រោយ លោកស្រីចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទួលសង្កែទី១ សូមជូនពរជ័យ ដល់បងប្អូនប្រជាពលរដ្ឋ និងសមាជិក សមាជិកា នៃអង្គវេទិកាទាំងអស់ សូមទទួលបាននូវ សុខភាពល្អ និងពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕








