(ភ្នំពេញ)៖ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ បានឱ្យដឹងថា មានល្បែងឆ្នោតឡូតូអនឡាញ 8888 ល្មើសច្បាប់ បាននិងកំពុងសង្ងំលួចបន្តបើកទទួលភ្ញៀវចូលចាក់ភ្នាល់យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ និងច្រើនខែមកហើយ ដោយគ្មានខ្លាចញញើតអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋាននោះឡើយ។
សូមជម្រាបថា សម្រាប់ទីតាំងល្បែងឡូតូអនឡាញ 8888 ល្មើសច្បាប់មួយកន្លែងខាងលើនេះ បានបង្កប់នៅក្នុងផ្ទះលក់ចាបហួយមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៣២ ភូមិសែនសុខទី៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមរយៈបណ្ដាញសារព័ត៌មាន និងស្នើសុំមិនបញ្ចេញឈ្មោះ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ ក្នុងនាមប្រជាពលរដ្ឋ បានមានសង្ឃឹម និងជឿជាក់ថា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋាន ពិសេស លោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ ក្រៅពីលោកអធិការនគរបាលខណ្ឌ ចៅសង្កាត់ និងលោកនាយប៉ុស្ដិ៍ ប្រាកដជាមានវិធានការទប់ស្កាត់ និងបង្ក្រាប ឫធ្វើកិច្ចសន្យាបិទចោលទាំងស្រុង ជាក់ជាពុំខានឡើយ ដើម្បីចូលរួមអនុវត្ត ឱ្យមានប្រសិទ្ធភាព «គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា»។
យ៉ាងណាក៏ដោយ សម្រាប់សំណូមពរខាងលើនេះ បានធ្វើឡើងក្រោយពីប្រជាពលរដ្ឋ បានជ្រួលជ្រាប និងយល់ដឹងកាន់តែច្បាស់ អំពីចំណាត់ការ ដើម្បីរក្សាសន្តិសុខ និងសុត្ថិភាព ក្នុងមូលដ្ឋាន ដែលមានស្រាប់ ទាំងរាល់កិច្ចប្រជុំនានា សេចក្ដីណែនាំ និងសារាចរណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងផ្ទាល់ និងតាមអនឡាញ ពីសំណាក់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ, អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេស ក្រសួងមហាផ្ទៃ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
គួរជម្រាបផងដែរថា បណ្ដាញសារព័ត៌មានយើង នៅពុំទាន់ទំនាក់ទំនងសុំការបញ្ជាក់ច្បាស់លាស់ណាមួយនៅឡើយទេ ពីភាគីពាក់ព័ន្ធជំវិញករណីមានលួចបើកទីតាំងល្បែងឡូតូអនឡាញ 8888 ល្មើសច្បាប់មួយកន្លែងខាងលើនេះ ដោយសារប្រជាពលរដ្ឋ ដែលជាអ្នកសំណូមពរ បានយល់ឃើញ និងយល់ដឹងកាន់តែច្បាស់ថា កន្លងមកក្រោមការដឹកនាំ របស់លោកអភិបាលខណ្ឌសែនសុខ លោកអធិការខណ្ឌ ចៅសង្កាត់ និងលោកនាយប៉ុស្ដិ៍ (មិនទុកហិតនោះទេ) ប្រាកដជាធ្វើការបង្ក្រាប ឫធ្វើកិច្ចសន្យាបិទចោលទាំងស្រុង ជាក់ជាពុំខានឡើយ ដើម្បីធានាបានដល់សន្តិសុខ និងសុវត្ថិភាព ក្នុងមូលដ្ឋាន បន្ទាប់ពីទទួលបានសំណូមពរ៕


