(ភ្នំពេញ)៖ ក្រោយចុះពិនិត្យពីស្ថានភាពជាក់ស្ដែង ឃើញថាមិនសូវល្អ, លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានចាត់ឱ្យកម្លាំងមន្ត្រីពាក់ព័ន្ធ ចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្អាតអនាម័យ បរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណភាពមួយផ្នែក និងមួយផ្នែកទៀត ប្រកបដោយផាសុខភាព សម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។
សកម្មភាពនេះ ដឹកនាំដោយលោក ទុយ សុជាតិ អនុប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណខណ្ឌ សហការជាមួយអាជ្ញាធរសង្កាត់ និងភូមិ ដោយធ្វើការរៀបចំសណ្ដាប់ធ្នាប់ និងសម្អាតអនាម័យ បរិស្ថាន ចាប់ពីព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ រហូតដល់ព្រំប្រទល់ខណ្ឌដង្កោ (អមសងខាងផ្លូវ) មហាវិថីសុីជីនពីង ដែលពាក់ព័ន្ធ៨ភូមិ ក្នុងភូមិសាស្រ្តសង្កាត់កន្ទោក សង្កាត់ភ្លើងឆេះរទេះ និងសង្កាត់ប្រទះឡាង ខណ្ឌកំបូល នាព្រឹកថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២៦។
បើតាមលោកអភិបាលខណ្ឌកំបូល តាមរយៈអនុប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណខណ្ឌ ចំពោះការចុះរៀបចំសណ្ដាប់ធ្នាប់ និងការសម្អាតអនាម័យ បរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណភាព និងផាសុខភាព សម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះ បានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ក្រោយពីបានចុះពិនិត្យជាក់ស្ដែងអំពីស្ថានភាព ឃើញថាមិនសូវល្អនោះឡើយ នៅអមសងខាងផ្លូវមហាវិថីសុីជីនពីង ដែលពាក់ព័ន្ធ៨ភូមិ រួមមាន៖ ភូមិកន្ទោកជើង ភូមិត្រាំស្លឹក ភូមិកប់ភ្លុក ភូមិព្រៃកី ភូមិគោកខ្សាច់ជើង ភូមិគោកខ្សាច់ត្បូង ភូមិគោកមាស និងភូមិតាំងរនាម។
លើសពីនេះ លោកអភិបាលខណ្ឌកំបូល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាជួយសហការជាមួយអាជ្ញាធរ ក្នុងការវិចខ្ចប់ និងទុកដាក់កាកសំណល់សម្រាមទាំងឡាយ ឱ្យបានត្រឹមត្រូវតាមទីតាំងនិមួយៗ ដើម្បីចូលរួមសម្អាតអនាម័យ និងបរិស្ថានល្អ និងដើម្បីផ្ដល់ភាពងាយស្រួលដល់រថយន្ដប្រមូល និងដឹកសម្រាម ផងដែរ៕






































