(ភ្នំពេញ)៖ របៀបវារៈសំខាន់ៗ សរុបចំនួន៦ ក្នុងនោះបានសង្កត់ធ្ងន់លើការងារថែរក្សាសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំតាមអនុក្រឹត្យលេខ០៣ និងបទបញ្ជាលេខ ០១ បប ស្ដីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានលោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដាក់ចេញដើម្បីរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាព ក្នុងមូលដ្ឋាន។
របៀបវារៈដែលបានដាក់ចេញនេះ បានធ្វើឡើងនៅចំពោះមុខគណៈអភិបាលរងខណ្ឌ អធិការនគរបាលខណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌ យោធភូមិភាគពិសេសខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ ប្រធានតាមបណ្ដាការិយាល័យជំនាញខណ្ឌ ចៅសង្កាត់ មេភូមិ និងមន្ត្រីមួយចំនួនទៀត នៅក្នុងឱកាសលោក ចេង មុនីរ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមីនា របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ នារសៀលថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២៦។
នៅក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានដាក់ចេញនូវរបៀបវារៈ ដែលបានគ្រោងទុកសំខាន់ៗ ចំនួន៦ រួមមាន៖ ១-ពង្រឹងការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ២-ការងារសម្អាតអនាម័យបរិស្ថាននិងការរៀបចំសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន។ ៣-បន្តការស្តារប្រឡាយទួលសំពៅ ប្រឡាយអូរអាគុជ ប្រឡាយនានា និងការស្តារលូក្នុងមូលដ្ឋាន។ ៤-ការពង្រឹងវេនប្រចាំការដើម្បីទទួលដោះស្រាយជូនប្រជាពលរដ្ឋ។ ៥-គ្រប់សង្កាត់ត្រូវណែនាំ និងតាមដានម្ចាស់ស្ថានីយ៍ឱ្យអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងពាណិជ្ជកម្មក្នុងការលក់ប្រេងជូនអតិថិជន។ ៦-ការងារថែរក្សាសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំតាមអនុក្រឹត្យលេខ០៣ និងការបង្ក្រាប បោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាព ក្នុងមូលដ្ឋាន៕
















