អភិបាលខណ្ឌ៧មករា៖ យើងត្រូវរួមគ្នាគិត និងរួមគ្នាធ្វើយ៉ាងណាឱ្យអស់ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ពីក្នុងមូលដ្ឋាន
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

អភិបាលខណ្ឌ៧មករា៖ យើងត្រូវរួមគ្នាគិត និងរួមគ្នាធ្វើយ៉ាងណាឱ្យអស់ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ពីក្នុងមូលដ្ឋាន

(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា នៅក្នុងការអញ្ជើញដឹកនាំកិច្ចប្រជុំមួយ ដើម្បីពង្រឹង និងតាមដានត្រួតពិនិត្យការងារ បោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នារសៀលថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ ២០២៦ បានជម្រុញឱ្យមន្ត្រី និងកងកម្លាំងខណ្ឌ-សង្កាត់ ព្រមទាំងលោក-លោកស្រី មេភូមិទាំង៦៦ ត្រូវរួមគ្នាគិត និងរួមគ្នាធ្វើយ៉ាងណាឱ្យអស់ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ពីក្នុងមូលដ្ឋាន។


ការជម្រុញរបស់លោកអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា បានធ្វើឡើងក្រោយពីទទួលបានផែនការដឹកនាំជាបន្តបន្ទាប់ ដើម្បីបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ឱ្យអស់ត្រឹមពាក់កណ្តាលខែមីនា ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ។


សូមបញ្ជាក់ថា លោក ឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ ត្រូវបន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឲ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនត្រូវឱ្យក្រុមជនល្មើសទាំងនោះ អាចជ្រកកោនបានទៀតឡើយ។ អាជ្ញាធរខណ្ឌ និងកងកម្លាំងទាំងអស់ ត្រូវត្រួតពិនិត្យ និងបោសសម្អាតឱ្យបានដូចភ្លៀងរលឹម នៅក្នុងមូលដ្ឋានរបស់ខ្លួន បើទោះជាយុទ្ធនាការ ត្រូវបានបញ្ចប់កំណត់នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៦ តាមផែនការដែលដាក់ចេញ។


ការណែនាំរបស់លោក បានធ្វើឡើងក្នុងអង្គប្រជុំស្តីពីវឌ្ឍនភាពការងារបង្ក្រាប និងបោសសម្អាត Online Scams នាព្រឹកថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២៦។ លោក ឃួង ស្រេង បានលើកឡើងថា តាមផែនការរបស់ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺបញ្ជាឱ្យបង្រ្កាប និងបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៦ ខាងមុខ។


លោកបន្តថា «យើងនៅពេលតែ១សប្តាហ៍ទៀតប៉ុណ្ណោះ ដើម្បីអនុវត្តផែនការនេះឱ្យទទួលបានជោគជ័យ។ កន្លងមកនេះ យើងអនុវត្តការងារនេះ បានល្អប្រសើរហើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងមិនព្រលែងដៃទេ គឺបន្តធ្វើជាប់ជាប្រចាំ។ ពួកគេអាចជ្រកនៅតាមទីតាំងមួយចំនួន ដែលយើងនឹកស្មានមិនដល់។ ជាមួយការបោសសម្អាតបទល្មើសនេះ ហើយល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រឿងញឿន ក៏ត្រូវបន្តបោសសម្អាតផងដែរ ដើម្បីបង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋ។ ឥឡូវយើងកំពុងតែដើរលើផ្លូវត្រូវហើយ សូមបន្តដើរលើផ្លូវនេះទៅមុខទៀត សំដៅធ្វើយ៉ាងណាឱ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គ្មាននៅក្នុងមូលដ្ឋានរបស់យើងគ្រប់គ្រង។


ក្នុងឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានកោតសរសើរកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី និងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ព្រមទាំងកងកម្លាំងនគរបាល និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានធ្វើការងារបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះកន្លងមក ទទួលបានជោគជ័យល្អ។ ក្នុងកិច្ចប្រជុំនោះលោក ឃួង ស្រេង បានស្នើឱ្យអាជ្ញាធរ និងកងកម្លាំងទាំងអស់នៅពេលអនុវត្តការងារ នៃប្រតិបត្តិការបង្រ្កាបបោសសម្អាត (ONLINE SCAMS) នេះត្រូវតែម៉ត់ចត់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចៀសវាងមានបញ្ហាគ្រោះថ្នាក់ ផ្តើមពីការធ្វេសប្រហែស។ ការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវតែអស់ នៅពាក់កណ្តាលខែមីនាឆ្នាំ២០២៦។ ចំពោះការងារបន្ត គឺអាជ្ញាធរខណ្ឌនីមួយៗ ត្រូវបន្តម្ចាស់ការ ក្នុងការត្រួតពិនិត្យបង្រ្កាប និងបោសសម្អាតឱ្យបានដូចភ្លៀងរលឹម។


លោក ឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌ ត្រូវណែនាំបន្តដល់ក្រុមប្រឹក្សាសង្កាត់ មេភូមិ មេក្រុមចូលរួមបង្រ្កាប បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ បន្ថែមពីនេះ ក្នុងខណ្ឌកំបូល ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌដូនពេញ ដែលមានកន្លែងស្នាក់នៅប្រមូលផ្ដុំរបស់កម្មកររោងចក្រ ត្រូវចុះទៅសាកសួរសុខទុក្ខពីជីវភាពរស់នៅរបស់គាត់ ហើយឆ្លៀតរកមើលបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផង។ លោកបន្តទៀតថា ក្រោយបញ្ចប់យុទ្ធនាការនេះ ធានាថា «ស្អាតគ្មាន (ONLINE SCAMS) គ្រឿងញៀន ក៏ត្រូវធ្វើរួមគ្នា និងធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ យើងក្លាយជាតំបន់ស»៕













 

Previous Post Next Post