អភិបាលខណ្ឌឫស្សីកែវ ដឹកនាំមន្ត្រី និងក្រុមការងារធ្វើការសម្អាតអនាម័យ បរិស្ថានតាមរយៈការដើររើសសំរាមតាមដងផ្លូវសាធារណៈ ដើម្បីចូលរួមអបអរសាទរទិវាទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ "សាមគ្គីដើម្បីទីក្រុងស្អាត"
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំមន្ត្រី និងក្រុមការងារធ្វើការសម្អាតអនាម័យ បរិស្ថានតាមរយៈការដើររើសសំរាមតាមដងផ្លូវសាធារណៈ ដើម្បីចូលរួមអបអរសាទរទិវាទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ "សាមគ្គីដើម្បីទីក្រុងស្អាត"

(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំមន្ត្រីខណ្ឌ-សង្កាត់ធ្វើការសម្អាតអនាម័យ បរិស្ថានតាមរយៈការដើររើសសំរាមតាមដងផ្លូវសាធារណៈ ក្នុងការវេចខ្ចប់ទុកដាក់ឱ្យបានត្រឹមត្រូវ និងបាញ់ទឹកលាងសម្អាត ក្នុងគោលបំណង ដើម្បីចូលរួមអបអរសាទរទិវាទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ "សាមគ្គីដើម្បីទីក្រុងស្អាត"។


សកម្មភាពនេះបានធ្វើឡើង ស្ថិតនៅខាងមុខបុរីមហាសេដ្ឋី តាមបណ្តោយផ្លូវ៩៣ និងនៅអមសងខាងផ្លូវបេតុងថ្មី និងសួនច្បារកណ្តាលផ្លូវ (អតីតផ្លូវរថភ្លើង) សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដោយមានការចូលរួមយ៉ាងផុសផុល ពីអភិបាលរងខណ្ឌ តំណាងមន្ទីរបរិស្ថានរាជធានីភ្នំពេញ នាយករងរដ្ឋបាលខណ្ឌ ការិយាល័យជំនាញរដ្ឋបាលខណ្ឌ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធរដ្ឋបាលខណ្ឌ មន្ត្រីក្រុមប្រឹក្សា បណ្តាញសមាគមនារីសង្កាត់ មេភូមិ មេភូមិរង ក្រុមការងារចំនួន៦សង្កាត់ យុវជនកាយរិទ្ធ យុវជនកាកបាទក្រហមកម្ពុជា ស.ស.យ.ក ខណ្ឌ-សង្កាត់ និងតំណាងក្រុមហ៊ុន 800 Super សរុបជាង២០០នាក់។


នាឱកាសនោះ លោកអភិបាលខណ្ឌ បានអានសារលិខិតដើមទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត»។


លោកអភិបាលខណ្ឌ បានគូសបញ្ជាក់ថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ផ្តួចផ្តើមដោយ ក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលការគាំទ្រយ៉ាងខ្លាំង ពីសិស្សានុសិស្ស យុវជន លោកគ្រូ អ្នកគ្រូ កម្មករ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទៅ ទូទាំងប្រទេស។ យុទ្ធនាការនេះ មានគោលបំណងកាត់បន្ថយការបំពុលបរិស្ថានដោយសារសំរាមប្លាស្ទិក លើកកម្ពស់សោភ័ណភាពទីក្រុង និងលើកស្ទួយសេដ្ឋកិច្ចជាតិ តាមរយៈការប្រើប្រាស់ផលិតផលក្នុងស្រុក ជំនួសថង់ប្លាស្ទិក។


ជាមួយគ្នានេះ រដ្ឋបាលខណ្ឌ និងមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានសហការគ្នា ដាក់ឱ្យប្រើប្រាស់ធុងសំរាមដាច់ដោយឡែក នៅតាមសាលារៀន និងការលើកទឹកចិត្តសិស្សានុសិស្សឱ្យកែច្នៃប្លាស្ទិក និងសំណល់សំរាមធ្វើជាជីកំប៉ុស។ លោកអភិបាលខណ្ឌ ក៏បានឆ្លៀតលើកឡើងការយល់ដឹងអំពីផលប៉ះពាល់ នៃការប្រើប្រាស់ប្លាស្ទិកមកលើសុខភាពមនុស្ស សត្វ និងបរិស្ថាន និងរបៀបការញែកសម្រាមចែកដាច់ពីគ្នាផងដែរ។


ក្រៅពីសម្អាតអនាម័យ បរិស្ថាន នៅក្នុងសកម្មភាពនេះ មន្ត្រីនៃក្រុមការងារ បានធ្វើការផ្សព្វផ្សាយ ស្តីពីការទុកដាក់កាកសំណល់រឹង និងកាកសំណល់ផ្ទះបាយ ដោយវេចខ្ចប់ឱ្យបានត្រឹមត្រូវ និងបញ្ចេញតាមម៉ោងរបស់ក្រុមហ៊ុន 800 Super ចុះយក និងទប់ស្កាត់សំរាមប្លាស្ទិចនៅតាមទីសាធារណៈ។  បន្ថែមពីនេះ មន្ត្រីនៃក្រុមការងារ បានបំផុសដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមលើកកម្ពស់បរិស្ថានរស់នៅប្រកបដោយអនាម័យ ការថែទាំសុខភាព និងថែរក្សាសោភ័ណភាពតាមផ្លូវសាធារណៈ និងផ្ទះសម្បែង ដើម្បីទីក្រុងស្អាត ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិច៕














































































 

Previous Post Next Post