អភិបាលខណ្ឌឫស្សីកែវ ចេញសេចក្ដីណែនាំ ១៥ចំណុច ស្តីពីការពង្រឹងការអនុវត្តអនុក្រឹត្យលេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ក្នុងភូមិសាស្ត្រខណ្ឌ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

អភិបាលខណ្ឌឫស្សីកែវ ចេញសេចក្ដីណែនាំ ១៥ចំណុច ស្តីពីការពង្រឹងការអនុវត្តអនុក្រឹត្យលេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ក្នុងភូមិសាស្ត្រខណ្ឌ

(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ នៃរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្ដីណែនាំមួយ ដែលមាន១៥ចំណុចសំខាន់ៗ ស្តីពីការអនុវត្តអនុក្រឹត្យលេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ក្នុងភូមិសាស្ត្រខណ្ឌ។ នៅក្នុងសេចក្ដីណែនាំរបស់លោកអភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា រដ្ឋបាលខណ្ឌសូមជូនដំណឹងដល់សាធារណៈជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ក្នុងនោះអនុក្រឹត្យខាងលើបានណែនាំអំពីកាតព្វកិច្ចរបស់ម្ចាស់ទីតាំងដូចខាងក្រោម៖


(១)-ប្រធានអង្គភាព ឬម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ត្រូវកត់ត្រាអ្នកស្នាក់នៅ ទាំងអស់ចូលក្នុងបញ្ជីទៅតាមទម្រង់ជាក្រដាស និង / ឬទម្រង់ជាអេឡិចត្រូនិក ដែលកំណត់ដោយអាជ្ញាធរមាន សមត្ថកិច្ច។ បញ្ជីឈ្មោះអ្នកស្នាក់នៅ អាចកត់ត្រាដោយដៃ និង / ឬដោយប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងផ្តល់បញ្ជីឈ្មោះអ្នកស្នាក់នៅទៅអាជ្ញាធរមានសមត្ថកិច្ចតាមការកំណត់។ (២)-ប្រធានអង្គភាព ឬម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ត្រូវរាយការណ៍អំពីការ ប្រែប្រួលអ្នកស្នាក់នៅក្នុងទីតាំងរបស់ខ្លួនគ្រប់គ្រងដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់។


(៣)-ប្រធានអង្គភាព ឬម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ត្រូវសហការ និងបង្កលក្ខណៈ ងាយស្រួលក្នុងការអនុវត្តភារកិច្ចចុះត្រួតពិនិត្យរដ្ឋបាលរបស់អាជ្ញាធរមានសមត្ថកិច្ចតាមការកំណត់។ (៤)-ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ត្រូវរាយការណ៍អំពីវត្តមានស្នាក់នៅបណ្តោះ អាសន្នរបស់ជនបរទេសក្នុងទីតាំង ស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួនក្នុងរយៈពេល២៤ (ម្ភៃបួនម៉ោងយ៉ាងយូរ) ដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ឬមន្ត្រីនគរបាលមានសមត្ថកិច្ច។


(៥)-ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ មុននឹងអនុញ្ញាតឱ្យជនបរទេសស្នាក់នៅ ក្នុង ទីតាំងស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវឱ្យជនបរទេសផ្តល់ឯកសារបញ្ជាក់អំពីសិទ្ធិស្នាក់នៅស្របច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា។ (៦)-ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ មិនត្រូវអនុញ្ញាតឱ្យជនបរទេស ដែលចូលមក ក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្តុំ ដែលស្ថិតក្រោម ការទទួលខុសត្រូវរបស់ខ្លួនឡើយ។


(៧)-ជនបរទេសអន្តោប្រវេសន្ត ឬអ្នកតំណាងដែលមានប្រកាសទទួលស្គាល់ដោយក្រសួងមហាផ្ទៃ និងទទួលបានបណ្ណស្នាក់នៅអចិន្ត្រៃយ៍មានសុពលភាព មានកាតព្វកិច្ចរាយការណ៍ដើម្បីចុះបញ្ជីស្នាក់នៅក្នុងរយៈពេល យ៉ាងយូរ៤៨ (សែសិបប្រាំបីម៉ោង) ស្របតាមច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។ (៨)-ជនបរទេសក្រៅពីប្រភេទជនបរទេសអន្តោប្រវេសន្តខាងលើ ដែលស្នាក់នៅតាមទីតាំងរស់នៅប្រមូលផ្តុំ ត្រូវចុះបញ្ជីស្នាក់នៅតាមច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។


(៩)-ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ត្រូវផ្តល់ប្លង់ប្រព័ន្ធសន្តិសុខសុវត្ថិភាព នៃអគារស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្តុំ ដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ដល់អាជ្ញាធរមានសមត្ថកិច្ច តាមការស្នើសុំ។ (១០)-ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ត្រូវចូលរួមសហការអនុវត្តដោយការទទួល ខុសត្រូវ។ (១១)-ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលធ្វេសប្រហែសខកខានមិនបានបំពេញកាតព្វកិច្ច ដូចមានចែងក្នុងមាត្រា១៦ នៃអនុក្រឹត្យនេះ ត្រូវផាកពិន័យជាប្រាក់ចំនួន ៤០០.០០០ (បួនសែនរៀល) ដោយមិនទាន់គិតដល់ព្យសនកម្មដែលកើតឡើងពីការធ្វេសប្រហែសនេះឡើយ។


(១២)-ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាត ឱ្យជនបរទេសដែលចូលមកព្រះរាជាណាចក្រកម្ពុជា ដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវជាកពិន័យជាប្រាក់ចំនួន ៤ ០០០ ០០០ (បួនលានរៀល) សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។ (១៣)-ក្នុងករណីមានការសង្ស័យអំពីការប្រព្រឹត្តបទល្មើសនានា នៅតាមទីតាំងរបស់ខ្លួននោះ ប្រធានអង្គភាព ឬម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំងប្រមូលផ្តុំ ត្រូវរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរមានសមត្ថកិច្ច ឬតាមរយៈលេខទូរស័ព្ទ Hotline: 087 567 008 ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចចុះត្រួតពិនិត្យ និងបង្ក្រាបបានទាន់ពេលវេលា។


(១៤)-រាល់ព័ត៌មានពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសទាំងអស់ ដែលរាយការណ៍ដោយប្រធានអង្គភាព ឬម្ចាស់ទីតាំង ឬ អ្នកគ្រប់គ្រងទីតាំងប្រមូលផ្តុំ នឹងត្រូវបានរក្សាទុកជាព័ត៌មានសម្ងាត់ និងប្រើប្រាស់ជាសក្ខីកម្មសម្រាប់ឱ្យប្រធាន អង្គភាព ឬម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំងប្រមូលផ្តុំនោះ រួចផុតពីការផាកពិន័យ និងវិធានការនានា ដូចមានចែង ក្នុងអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ។


(១៥)-ក្នុងករណីរកឃើញថាប្រធានអង្គភាព ឬម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំងប្រមូលផ្តុំ មានចេតនា ឬគេចវេស ក្នុងការអនុវត្តអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ឬជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស ឬរកឃើញមានការប្រព្រឹត្តបទល្មើសណាមួយនៅតាមទីតាំងរបស់ខ្លួននោះ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការពិន័យ និងអនុវត្តវិធានការច្បាប់ស្របតាមខ្លឹមសារ នៃអនុក្រឹត្យខាងលើដោយម៉ឺងម៉ាត់បំផុត។


សេចក្តីដូចបានជម្រាបជូនខាងលើ ប្រធានអង្គភាព ឬម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ នៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ត្រូវសហការ និងអនុវត្តភារកិច្ចខាងលើឱ្យបានល្អប្រសើ។ ទទួលបានសេចក្តីណែនាំនេះ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ ការិយាល័យ អង្គភាពចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ទាំង៧ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់៕






Previous Post Next Post