អភិបាលខណ្ឌសែនសុខ ចេញសេចក្ដីណែនាំ ១៣ចំណុច ស្តីពីការពង្រឹងការអនុវត្តអនុក្រឹត្យលេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ ក្នុងភូមិសាស្ត្រខណ្ឌ
អាសយដ្ឋានទីស្នាក់ការ របស់អង្គភាពសារព័ត៌មាន រហាត់ទឹក និង ខ្មែរណេតវើក ញូស៍ (www.k-rorhattoek-khmernetworknews.com.kh) ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។​ សូមអរគុណ...!

អភិបាលខណ្ឌសែនសុខ ចេញសេចក្ដីណែនាំ ១៣ចំណុច ស្តីពីការពង្រឹងការអនុវត្តអនុក្រឹត្យលេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ ក្នុងភូមិសាស្ត្រខណ្ឌ

(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ នៃរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្ដីណែនាំមួយ ដែលមាន១៣ចំណុចសំខាន់ៗ ស្តីពីការពង្រឹងការអនុវត្តអនុក្រឹត្យលេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ ក្នុងភូមិសាស្ត្រខណ្ឌ។ នៅក្នុងសេចក្ដីណែនាំរបស់លោកអភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានឱ្យដឹងថា រដ្ឋបាលខណ្ឌសូមជម្រាបជូនដំណឹងដល់ប្រធានអង្គភាព ឬម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ មេត្តាជ្រាបថា ៖ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងនៅតាមទីតាំងរស់នៅប្រមូលផ្តុំ មានដូចជា៖ ខុនដូរ បុរី អាផាតមិន រីសត បឹងកាឡូ អគារសហកម្មសិទ្ធិ រោងចក្រ សហគ្រាស កសិដ្ឋាន ផ្ទះសំណាក់ អន្តេវាសិកដ្ឋាន វត្តអារាម វិហារសាសនា និងមណ្ឌលថែទាំកុមារ ស្របតាមខ្លឹមសារអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខណ្ឌសូមណែនាំដូចខាងក្រោម៖


១-ត្រូវកត់ត្រាអ្នកស្នាក់នៅទាំងអស់ ចូលក្នុងបញ្ជីទៅតាមទម្រង់ជាក្រដាស និង/ឬ ទម្រង់ជាអេឡិចត្រូនិក ដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច។ បញ្ជីឈ្មោះអ្នកស្នាក់នៅអាចកត់ត្រាដោយដៃ ឬដោយប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងផ្តល់បញ្ជីឈ្មោះអ្នកស្នាក់នៅទៅអាជ្ញាធរមានសមត្ថកិច្ច តាមការកំណត់។ ២-ត្រូវរាយការណ៍ អំពីការប្រែប្រួលអ្នកស្នាក់នៅក្នុងទីតាំងរបស់ខ្លួនគ្រប់គ្រង ដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដែលទីតាំងរបស់ខ្លួនតាំងនៅ។ ៣-ត្រូវសហការនិងបង្កលក្ខណៈងាយស្រួល ក្នុងការអនុវត្តភារកិច្ចចុះត្រួតពិនិត្យរដ្ឋបាលរបស់អាជ្ញាធរមាន សមត្ថកិច្ចតាមការកំណត់។ ៤-ត្រូវរាយការណ៍អំពីវត្តមានស្នាក់នៅបណ្តោះអាសន្នរបស់ជនបរទេស ក្នុងទីតាំងស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ក្នុងរយៈពេល២៤ (ម្ភៃបួនម៉ោង) យ៉ាងយូរដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ឬមន្ត្រីនគរបាលមានសមត្ថកិច្ច។


៥-មុននឹងអនុញ្ញាតឱ្យជនបរទេសស្នាក់នៅក្នុងទីតាំងស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវឱ្យជន បរទេសផ្តល់ឯកសារបញ្ជាក់អំពីសិទ្ធិស្នាក់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។ ៦-មិនត្រូវអនុញ្ញាតឱ្យជនបរទេស ដែលចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្តុំ ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួនឡើយ។ ៧-ជនបរទេសអន្តោប្រវេសន្ត ឫអ្នកតំណាងដែលមានប្រកាសទទួលស្គាល់ដោយក្រសួងមហាផ្ទៃ និងទទួលបានបណ្ណស្នាក់នៅអចិន្ត្រៃយ៍មានសុពលភាព មានកាតព្វកិច្ចរាយការណ៍ដើម្បីចុះបញ្ជីស្នាក់នៅក្នុងរយៈ ពេលយ៉ាងយូរ៤៨ (សែសិបប្រាំបីម៉ោង) ស្របតាមច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។


៨-ត្រូវផ្តល់ប្លង់ប្រព័ន្ធសន្តិសុខសុវត្ថិភាព នៃអគារស្នាក់នៅ ក្នុងទីតាំងរស់នៅប្រមូលផ្តុំ ដែលស្ថិតនៅក្រោម ការទទួលខុសត្រូវរបស់ខ្លួន ដល់អាជ្ញាធរមានសមត្ថកិច្ចតាមការស្នើសុំ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការកែសម្រួលប្រព័ន្ធការពារសន្តិសុខ។ ៩-ករណីធ្វេសប្រហែសខកខានមិនបានសហការអនុវត្តដូចក្នុងចំណុចទី៨ ត្រូវទទួលការផាកពិន័យជា ប្រាក់ចំនួន ៤០០.០០០ (បួនសែនរៀល) ដោយមិនទាន់គិតដល់ព្យសនកម្មដែលកើតឡើងពីការធ្វេសប្រហែសនេះឡើយ។ ១០-ករណីមានចេតនាលាក់បាំង និងអនុញ្ញាតឱ្យជនបរទេសដែលចូលមកព្រះរាជាណាចក្រកម្ពុជា ដោយ ខុសច្បាប់ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ចំនួន ៤.០០០.០០០ (បួនលានរៀល) សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ ដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។


១១-ករណីមានការសង្ស័យអំពីការប្រព្រឹត្តបទល្មើសនានា នៅក្នុងទីតាំងរបស់ខ្លួន ត្រូវរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរមានសមត្ថកិច្ច ឬតាមរយៈផេកហ្វេកបុកផ្លូវការរបស់រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ (តាមរយៈតំណភ្ជាប់ (https://www.facebook.com/sensokdistrict)https://www.facebook.com/sensokdistrict) ឬតាមរយៈលេខទូរស័ព្ទ៖ (១)-លោក ចេង មុនីរ៉ា អភិបាលខណ្ឌ ០១២ ៨៧១ ៨៨២, (២)-លោក ញាណ ចន្ថាវេរ៉ា អភិបាលរងខណ្ឌ ០១២ ៦៧០ ០០៤, (៣)-លោក ឃុត សុខខា អភិបាលរងខណ្ឌ ០១២ ៦៨៣ ៦៣៦, (៤)-លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ ០១២ ៧៩០ ៣៣៣, (៥)-លោក ព្រុំ ស័ក្ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ០១២ ២៥០ ៥២៥, (៦)-លោក សុង ស័ក្ដា អធិការងនគរបាលខណ្ឌ ០៧៦ ៥៥៥៥ ៥៧៨, (៧)-លោក សុខ សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ០៩៥ ៤៤៤ ៩៤៩, (៨)-លោក ឈឹម សាវ៉េន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ០៩៥ ៨៤៤ ៩៤៤, (៩)-លោក នាង ផល្លី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ០៩៨ ៧៧៣ ៧៨៨, (១០)-លោក ម៉ក់ មី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ០៩៧ ៩៧៩៧ ១៤៥, (១១)-លោក ង៉ាត់ សុភា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ០៧១ ៣៣៣ ៦៦៩, (១២)-លោក សឿន សុផាត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ០១២ ២៥៥ ៩៦៧ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចចុះត្រួតពិនិត្យ និងបង្ក្រាបបានទាន់ពេលវេលា។


១២-រាល់ព័ត៌មានពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសទាំងអស់ ដែលរាយការណ៍ ត្រូវបានរក្សាជាព័ត៌មានសម្ងាត់ និងប្រើប្រាស់ជាសក្ខីកម្មសម្រាប់ឱ្យប្រធានអង្គភាព ឬម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំងប្រមូលផ្តុំនោះ រួចផុតពីការផាកពិន័យ និងវិធានការនានា ដូចមានចែងក្នុងអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ។ ១៣-ករណីរកឃើញថា ប្រធានអង្គភាព ឬម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំងប្រមូលផ្តុំ មានចេតនា ឬគេចវេស ក្នុងការអនុវត្តអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ឬជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស ឬរកឃើញ មានការប្រព្រឹត្តបទល្មើសណាមួយនៅតាមទីតាំងរបស់ខ្លួននោះ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការផាកពិន័យ និងអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់។ ទទួលបានសេចក្តីណែនាំនេះ អធិការដ្ឋាននគរបាលខណ្ឌ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ រដ្ឋបាលសង្កាត់ ទាំង៦ និងអង្គភាពពាក់ព័ន្ធ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងប្រធានអង្គភាព ឬម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំងប្រមូលផ្តុំទាំងអស់ ត្រូវអនុវត្តសេចក្តីណែនាំឱ្យមានប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់៕





 

Previous Post Next Post