(ភ្នំពេញ)៖ ទីតាំងល្បែងឡូតូអនឡាញ ៨៨៨៨ ល្មើសច្បាប់មួយកន្លែង បាននិងកំពុងសង្ងំបើកដំណើរការទទួលភ្ញៀវចូលចាក់ភ្នាល់យ៉ាងសម្បើមជារៀងរាល់ថ្ងៃ ដើម្បីប្រមូលលុយពីអ្នកញៀនល្បែង ចាប់តាំងពីម៉ោង០៨ព្រឹក រហូតដល់ម៉ោងជាង០៥ល្ងាចទើបបិទ ដោយគ្មានខ្លាចញញើតច្បាប់សូម្បីបន្តិចនោះឡើយ ស្ថិតនៅក្នុងផ្ទះលេងបោះប៊ូល នៅតាមបណ្ដោយកំណាត់ផ្លូវបេតុងលេខ២៧១R ភូមិទួសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជាមួយការបើកល្បែងឡូតូតាមអនឡាញល្មើសច្បាប់ខាងលើនេះ ប្រជាពលរដ្ឋ តាមរយៈបណ្ដាញសារព័ត៌មាន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ សូមសំណូមពរដល់ លោក ជិន ប៊ុនធឿន អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ លោកស្រី រាជ ផាវឿន ចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ និងលោកនាយប៉ុស្តិ៍ សូមជួយពិនិត្យ និងចាត់វិធានការដើម្បីបង្ក្រាប និងឈានទៅបិទចោលទាំងស្រុង និងកុំឱ្យមានបើក ឫលួចបើកជាថ្មីឡើងវិញជាដាច់ខាត ព្រោះបទល្មើសល្បែងស៊ីសងនេះឯង ជាដើមចម បង្កឱ្យកើតមានអំពើចោរកម្មផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម ក្នុងការធានាដល់ការរក្សាសន្តិសុខ និងសុវត្ថិភាព ក្នុងមូលដ្ឋាន ហើយសំខាន់ សម្រាប់ជាការចូលរួមយ៉ាងសកម្ម នៃការអនុវត្តតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
យ៉ាងណាក៏ដោយ សម្រាប់សំណូមពរខាងលើនេះដែរ បានធ្វើឡើងក្រោយពីប្រជាពលរដ្ឋ បានជ្រួលជ្រាប និងយល់ដឹងកាន់តែច្បាស់ទៅហើយ អំពីចំណាត់ការ ដើម្បីរក្សាសន្តិសុខ និងសុត្ថិភាព ក្នុងមូលដ្ឋាន ដែលមានស្រាប់ ទាំងសេចក្ដីណែនាំ និងសារាចរណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងផ្ទាល់ និងតាមអនឡាញ ពីសំណាក់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ, អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេស ក្រសួងមហាផ្ទៃ នៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា បណ្ដាញសារព័ត៌មានយើង នៅពុំទាន់ទំនាក់ទំនងសុំការបញ្ជាក់ច្បាស់លាស់ណាមួយនៅឡើយទេ ពីអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ ដោយសារប្រជាពលរដ្ឋ បានយល់ដឹងកាន់តែច្បាស់ថា កន្លងមកក្រោមការដឹកនាំរបស់ លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ និងលោកអធិការនគរបាលខណ្ឌ ព្រមទាំងលោកស្រីចៅសង្កាត់ និងលោកនាយប៉ុស្ដិ៍ ប្រាកដជាធ្វើការបង្ក្រាប ដោយធ្វើកំណត់ហេតុ និងកិច្ចសន្យាបិទចោលទាំងស្រុង ជាក់ជាពុំខានឡើយ ចំពោះទីតាំងល្បែងខុសច្បាប់ទាំងឡាយ បន្ទាប់ពីទទួលបានសំណូមពរ និងក្រោយពីលោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាបន្តបន្ទាប់ ដើម្បីដាក់ចេញនូវផែនការសំខាន់ៗ ពិសេសឱ្យអាជ្ញាធរ និងសមត្ថកិច្ចទាំង១៤ខណ្ឌ យកចិត្តទុកដាក់បង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មានដូចជា ឡូតូអនឡាញ យូគី អាប៉ោង បៀរ និងជល់មាន់ ក្នុងការថែរក្សាសន្តិសុខ និងសុវត្ថិភាព ក្នុងមូលដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋ៕






