(ភ្នំពេញ)៖ តើអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន បានដឹងហើយ ឫមិនទាន់បានជ្រាបនៅឡើយទេ? ថាមានការប្រព្រឹត្តល្បែងឡូតូអនទ្បាញល្មើសច្បាប់ ៨៨៨៨ បាននឹងកំពុងបន្តសកម្មភាពបើកដំណើរការទទួលភ្ញៀវចូលចាក់ភ្នាល់ ដើម្បីប្រមូលលុយរាប់សឹបលាន ជារៀងរាល់ថ្ងៃ ចាប់តាំងពីម៉ោងជាង០៨ព្រឹក រហូតដល់ម៉ោងជាង០៥ល្ងាចទើបបិទ ជាពិសេស «នៅពេលឃើញអ្នកសារព័ត៌មានទៅដល់ ទើបបុគ្គលិកជាអ្នកស៊ីសងចុចម៉ាស៊ីនបិទ ហើយពេលអ្នកកាសែតចេញផុតក៏បើកឡើងវិញជាធម្មតាដូចលេងបិទពួន» ដោយគ្មានខ្លាចញញើតច្បាប់សូម្បីបន្តិចនោះទេ ដែលស្ថិតនៅតាមបណ្ដោយកំណាត់ផ្លូវលំមួយកន្លែង ក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទោះបីបានជ្រាប ឫមិនទាន់បានដឹងយ៉ាងណាក្ដី ចំពោះការបើកដោយចំហរ ឫលួចបើកល្បែងឡូតូអនឡាញខុសច្បាប់ខាងលើនេះ ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងតាមរយៈបណ្ដាញសារព័ត៌មាន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ សូមសំណូមពរយ៉ាងទទូចដល់ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ចាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងសេនាធិការ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌ លោក វ៉ា សាវឿន ចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ចោមចៅទី៣ និងសេនាធិការ លោកវរសេនីយ៍ត្រី ថេង កុសល នាយប៉ុស្ដិ៍ សូមជួយចុះពិនិត្យ និងចាត់វិធានការដើម្បីបង្រ្កាប និងឈានទៅបិទចោលទាំងស្រុង ហើយកុំឲ្យមានបើក ឫលួចបើកជាថ្មីឡើងវិញជាដាច់ខាត ព្រោះបទល្មើសល្បែងស៊ីសងនេះឯង ជាដើមចម បង្កឲ្យកើតមានអំពើចោរកម្មផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម ក្នុងការធានាដល់ការរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន ហើយសំខាន់ជាការចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព។
យ៉ាងណាក៏ដោយ សម្រាប់សំណូមពរនេះបានធ្វើឡើងក្រោយពីប្រជាពលរដ្ឋ បានជ្រួលជ្រាប និងយល់ដឹងកាន់តែច្បាស់ទៅហើយ អំពីចំណាត់ការ ដើម្បីរក្សាសន្តិសុខ និងសុត្ថិភាព ដែលមានស្រាប់ ដោយក្នុងនោះមានទាំងសេចក្ដីណែនាំ និងសារាចរណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងផ្ទាល់ និងតាមអនឡាញ ពីសំណាក់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ, អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេស ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា បណ្ដាញសារព័ត៌មានយើង នៅពុំទាន់ទំនាក់ទំនងសុំការបញ្ជាក់ច្បាស់លាស់ណាមួយនៅឡើយទេ ពីអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ ដោយសារប្រជាពលរដ្ឋ បានយល់ឃើញ និងដឹងយ៉ាងច្បាស់ថា កន្លងមកក្រោមការដឹកនាំរបស់ លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងលោកអធិការនគរបាលខណ្ឌ ព្រមទាំងលោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ចោមចៅទី៣ និងលោកវរសេនីយ៍ត្រីនាយប៉ុស្ដិ៍ ប្រាកដជាចុះធ្វើការបង្ក្រាប តាមរយៈការធ្វើកំណត់ហេតុ និងកិច្ចសន្យាបិទចោលទាំងស្រុង ជាក់ជាពុំខានឡើយ ចំពោះទីតាំងល្បែងខុសច្បាប់ទាំងឡាយ បន្ទាប់ពីទទួលបានសំណូមពរ និងក្រោយពីលោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ និងដាក់ចេញផែនការជាបន្តបន្ទាប់ឲ្យអាជ្ញាធរ និងសមត្ថកិច្ចទាំង១៤ខណ្ឌ យកចិត្តទុកដាក់បង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដូចជា ជល់មាន់អនឡាញ ឡូតូ យូគី ជល់មាន់ បៀរ អាប៉ោង ដើម្បីធានាដល់ការរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋ៕










