(ភ្នំពេញ)៖ ទីតាំងល្បែងឡូតូអនឡាញ ៨៨៨៨ ល្មើសច្បាប់មួយកន្លែងនៅក្នុងបុរីសូនីផ្នែកខាងកើត (ត្រង់ចំណុចយីហោអាហារដ្ឋានយាយពៅ) ឋិតនៅតាមបណ្ដោយកំណាត់ផ្លូវលេខ៤៥ ក្នុងភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ត្រូវបានលោក សេង គន្ធ អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដែលមានសេនាធិការ លោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌ ចាត់ឲ្យលោក សាំង ស៊ីណា ចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ ដឹកនាំសេនាធិការ លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្ដិ៍ និងមន្ត្រីមួយចំនួនទៀត ចុះចាត់វិធានការតាមរយៈការធ្វើកំណត់ហេតុ និងកិច្ចសន្យាបិទចោលទាំងស្រុងហើយ ក្រោយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធខណ្ឌ-សង្កាត់ទទួលបានសំណូមពរជាថ្មី និងជាលើកទី២ ពីប្រជាពលរដ្ឋ តាមរយៈបណ្ដាញសារព័ត៌មាន។
បើតាមលោក សេង គន្ធ បានឲ្យដឹងថា ការធ្វើកំណត់ហេតុ និងកិច្ចសន្យាបិទចោលទាំងស្រុងចំពោះទីតាំងល្បែងឡូតូអនឡាញ ៨៨៨៨ ល្មើសច្បាប់ខាងលើនេះ បានធ្វើឡើងក្នុងគោលបំណងដើម្បីបង្ការទប់ស្កាត់អំពើចោរកម្មផ្សេងៗកើតឡើងដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម ហើយសំខាន់ជាការចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ក្រោយពីលោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ និងដាក់ចេញផែនការជាបន្តបន្ទាប់ឱ្យអាជ្ញាធរ និងសមត្ថកិច្ចទាំង១៤ខណ្ឌ យកចិត្តទុកដាក់បង្ក្រាបរាល់បទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដូចជា ឡូតូអនឡាញ យូគី ជល់មាន់ បៀរ អាប៉ោង ដើម្បីធានាដល់ការរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋ។
លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ បានឲ្យដឹងទៀតថា ចំពោះវិធានការនេះដែរបានធ្វើឡើងក្រោយពីប្រជាពលរដ្ឋសំណូមពរ និងបានជ្រួលជ្រាប យល់ដឹងកាន់តែច្បាស់ អំពីចំណាត់ការដើម្បីរក្សាសន្តិសុខ និងសុត្ថិភាព ដែលមានស្រាប់ ដោយក្នុងនោះមានទាំងសេចក្ដីណែនាំ និងសារាចរណែនាំ ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងផ្ទាល់ និងតាមអនឡាញ ពីសំណាក់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ, អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេស ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកញ្ញា និងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ពោលគឺចំនួន២លើកមកហើយ តាមរយៈបណ្ដាញសារព័ត៌មាន ប្រជាពលរដ្ឋ បានសំណូមពរយ៉ាងទទូចឲ្យមានការចុះបង្ក្រាប និងបិទចោលទាំងស្រុង ហើយកុំឲ្យមានបើក ឫលួចបើកជាថ្មីឡើងវិញជាដាច់ខាត ចំពោះល្បែងឡូតូអនឡាញ ៨៨៨៨ ល្មើសច្បាប់មួយកន្លែងខាងលើនេះ ដែលបាននឹងកំពុងបន្តសកម្មភាពបើកដំណើរការទទួលភ្ញៀវចូលចាក់ភ្នាល់ ដើម្បីប្រមូលលុយរាប់សឹបលានជារៀងរាល់ថ្ងៃចាប់តាំងពីម៉ោងជាង០៨ព្រឹក រហូតដល់ម៉ោងជាង០៥ល្ងាចទើបបិទដោយគ្មានខ្លាចញញើតច្បាប់សូម្បីបន្តិចនោះទេ ជាពិសេស «ពេលឃើញអ្នកសារព័ត៌មានចូលទៅដល់ ទើបបុគ្គលិកចុចម៉ាស៊ីនបិទ ហើយពេលអ្នកកាសែតដើរចេញផុតក៏បើកឡើងវិញជាធម្មតាដូចលេងបិទពួន» ពីសំណាក់លោក សេង គន្ធ អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ចាការឯកភាពរដ្ឋបាលខណ្ឌ និងលោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌ លោក សាំង ស៊ីណា ចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ និងលោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្ដិ៍៕
















