ភ្នំពេញ៖ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានណែនាំដល់លោកប្រធានមន្ទីរសុខាភិបាលខេត្ត រៀបចំគ្រូពេទ្យថែទាំគភ៌ សម្រាប់ស្រ្តីមានផ្ទៃពោះ ដែលជាជនភៀសសឹក។
នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត អមដំណើរ ឯកឧត្ដម ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បាននាំយកនូវស្បៀង បន្លែ ត្រី សាច់ ទៅសួរសុខទុក្ខបងប្អូនប្រជាជនភៀសសឹកពីសមរភូមិមុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមកស្នាក់នៅបណ្តោះអាសន្ននៅមណ្ឌលជនភៀសសឹកខេត្តស្ទឹងត្រែង ចំនួន ៨៨គ្រួសារ។
ផលវិបាកនៃសង្គ្រាមបានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹមដែលមិនអាចយកមកជាមួយបាន។ ទុក្ខលំបាកនេះធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់ពីតម្លៃនៃសន្តិភាព។
ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជាជនភៀសសឹកដែលបានជម្លៀសខ្លួនចេញពីតំបន់ប្រយុទ្ធគ្នាក្នុងនោះមានគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តពាក់ព័ន្ធ រៀបចំទួលសុវត្ថិភាពក៏ដូចជាដោះស្រាយទីតាំងស្នាក់នៅ ការហូបចុក និងសុខាភិបាលជូនបងប្អូនទាំងអស់គ្នា។
ជាមួយគ្នានេះ ក្នុងស្មារតីខ្មែរជួយខ្មែរ ស្មារតីខ្មែរតែមួយ មានប្រជាពលរដ្ឋជាច្រើនបានចូលរួមបរិច្ចាគទាំងថវិកា និងកញ្ចប់ស្បៀងអាហារ ថ្នាំពេទ្យ និងសម្ភារប្រើប្រាស់នានាជាច្រើនទៀតជួយដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ។ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងបានអំពាវនាវឱ្យឪពុកម្តាយជាអាណាព្យាបាល ឱ្យនាំកូនចូលសិក្សានៅសាលារៀនដែលនៅក្បែរមណ្ឌលជនភៀសសឹកខេត្តស្ទឹងត្រែងជាបណ្តោះសិន តាមរយៈការសស្របសម្រួលពី សំណាក់ អភិបាលខេត្តចំនួន២រូបគឺឯកឧត្តម ធូ ចាន់ពៅ និងឯកឧត្តម ថោង ស្រាន់ បានប្រចាំការនៅទីនោះ។
ឆ្លៀតក្នុងឱកាសដដែល ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង បានណែនាំដល់លោកប្រធាន មន្ទីរសុខាភិបាល រៀបចំគ្រូពេទ្យថែទាំគភ៌ សម្រាប់ស្រ្តីមានផ្ទៃពោះ ដែលជាជនភៀសសឹក។
ឯកឧត្តម សរ សុពុត្រា បានមានប្រសាសន៍ថា សម្រាប់ពុកម៉ែបងប្អូនដែលបានភៀសខ្លួនមកដល់ស្ទឹងត្រែង គឺពុកម៉ែបងប្អូនមានសុវត្ថិភាពផ្ទាល់ខ្លួន និងមានការថែទាំយ៉ាងកក់ក្តៅបំផុតពីអាជ្ញាធរខេត្ត ទោះក្នុងតម្លៃណាក៏ដោយ ក៏អាជ្ញាធរខេត្ត ក្រុងស្រុក មិនឱ្យនរណាមកប៉ះពាល់បងប្អូននោះឡើយ ៕






